ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីលើការបើកដំណើរការ ស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀន។
ដោយទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយលោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែរទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។
ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវា ចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។
ជំនួបពិភាក្សាទ្វេភាគីនេះ ប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធសា្នល និងក្នុងសា្មរតីភាពជាដៃគូដ៏ល្អ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំក្រសួងទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរឱ្យបានកាន់តែល្អប្រសើរ៕