តើទំនាក់ទំនងរវាងឥណ្ឌា និងអាមេរិក នឹងមានការវិវត្តន៍បែបណាក្រោមការដឹកនាំអាណត្តិទី៣របស់លោក Narendra Modi?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់អាណត្តិទី៣ កាលពីថ្ងៃទី៩ ខែមិថុនា ក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល។គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និងគណបក្សជាសម្ព័ន្ធមិត្ត ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។

ប៉ុន្តែ គណបក្ស BJP ផ្ទាល់របស់លោក Modi ទទួលបានអាសនៈត្រឹមតែ២៤០តែប៉ុណ្ណោះ បើធៀបទៅនឹងអាណត្តិមុន ដែលទទួលបាន អាសនៈចំនួន៣០៣អាសនៈ ដែលមានន័យថា គណបក្សរបស់លោក Modi នឹងត្រូវពឹងផ្អែកខ្លាំងលើគណបក្សជាសម្ព័ន្ធមិត្ត ដើម្បីអនុម័តច្បាប់នានា។

ជុំវិញការឈ្នះឆ្នោតដឹកនាំអាណត្តិទី៣របស់លោក Narendra Modi ក្រុមអ្នកវិភាគលើកឡើងថា “ទំនាក់ទំនងរវាងទីក្រុងញូវដែលី (New Delhi) ជាមួយទីក្រុងវ៉ាស៊ីនតោននឹងមិនផ្លាស់ប្តូរឡើយ ព្រោះទំនាក់ទំនងនេះបានជួយលើកមុខមាត់លោកនាយករដ្ឋមន្ត្រី Narendra Modi ឱ្យក្លាយជាតួអង្គដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ”។

ឥណ្ឌាបានក្លាយជាដៃគូសន្តិសុខដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ដែលជាសសរស្តម្ភមួយនៃក្រុមប្រទេស Quad បូករួមជាមួយនឹងប្រទេសជប៉ុន និងអូស្ត្រាលី ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យបច្ចេកវិទ្យា និងវិស័យការពារជាតិ ដើម្បីទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលចិន។

លោកស្រី Farwa Aamer នាយកប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីនៅទីក្រុងញូវយ៉កបានលើកឡើងថា “ប្រទេសទាំងពីរបានចែករំលែកការព្រួយបារម្ភរួមគ្នាអំពីស្ថិរភាពក្នុងតំបន់ និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ”។

ទំនាក់ទំនងរវាងទីក្រុងញូវដែលី និងវ៉ាស៊ីនតោននៅតែបន្តមានភាពជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាលោក Modi បានបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយស្វ័យភាពជាយុទ្ធសាស្រ្តរបស់លោក។ ជាឧទាហរណ៍ ទីក្រុងញូវដែលីបានបដិសេធមិនកាត់ផ្តាច់ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនជាមួយរុស្ស៊ីឡើយ ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកយ៉ាងណាក្តី។

ប៉ុន្តែ សំណួរមួយត្រូវបានគេចោទសួរឡើងថា តើការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៣ របស់លោក Modi នឹងបង្កឱ្យមានការព្រួយបារម្ភបែបណា នៅក្នុងចំណោមក្រុមអ្នកនយោបាយអាមេរិក ក្រោយពីមានការចោទប្រកាន់ថា គណបក្ស BJP របស់លោក Modi បានធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិចមូស្លីមនៅប្រទេសឥណ្ឌា ដែលមានចំនួនជាង២០០លាននាក់។

ម្យា៉ងទៀត កាលពីខែកញ្ញា ឆ្នាំមុន នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថា ប្រទេសរបស់លោកកំពុងបើកការស៊ើបអង្កេតមួយដែលជាប់ពាក់ព័ន្ធនឹងឥណ្ឌា ជុំវិញឃាតកម្មលើពលរដ្ឋកាណាដា និងមេដឹកនាំជនជាតិ Sikh ដ៏លេចធ្លោមួយរូប។

ជាការឆ្លើយតប ទីក្រុងញូវដែលីបានវាយបកយ៉ាងខ្លាំងក្លា ដោយចោទប្រកាន់កាណាដាពីបទលាក់ទុកពួកភេរវករ និងមិនធ្វើសកម្មភាពប្រឆាំងនឹងពួកជ្រុលនិយម ខណៈឥណ្ឌាបានបដិសេធយ៉ាងដាច់ខាតចំពោះរាល់ការចោទប្រកាន់ទាំងនេះ។

ប្រមាណរយៈពេល២ខែក្រោយមកទៀត រដ្ឋអាជ្ញាអាមេរិកក៏បានចោទប្រកាន់ផងដែរថា ភ្នាក់ងារឥណ្ឌាម្នាក់បានស្ថិតនៅពីក្រោយការប៉ុនប៉ងធ្វើឃាតដោយលាក់លៀម សំដៅលើសកម្មជន Sikh ដែលជាជនជាតិអាមេរិក។ យ៉ាងណាមិញ ទីក្រុងញូវដែលីបានបដិសេធ និងបានបង្កើតគណៈកម្មាធិការកម្រិតខ្ពស់មួយដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់នេះ៕ប្រភព:CNN៕