កម្ពុជាទាក់ទាញបានគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន២៤៦លានដុល្លារអាមេរិក នៅខែឧសភា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគ លើទ្រព្យសកម្មថេរក្នុងទំហំទឹកប្រាក់ចំនួន២៤៦លានដុល្លារអាមេរិកនៅក្នុងខែឧសភា។
យោងតាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ប្រទេសកម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន២៤គម្រោងកាលពីខែឧសភាកន្លងទៅ ដែលអាចបង្កើតការងារបានប្រហែល១៥.០០០កន្លែង។

គម្រោងថ្មីទាំងនេះ រួមមានដូចជា រោងចក្រផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ រោងចក្រកែច្នៃដែក រោងចក្រផលិតបំពង់ រោងចក្រអាលុយមីញ៉ូម និងរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយប្រទេសចិន នៅតែជាប្រភពអ្នកវិនិយោគកំពូលទី១ នៅក្នុងប្រទេសកម្ពុជាកាលពីខែមុន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា “ចំនួនជិត៥០ភាគរយ នៃដើមទុនវិនិយោគនៅក្នុងខែឧសភា ឆ្នាំ២០២៤នេះ គឺមានប្រភពមកពីប្រទេសចិន។ ចំនួន៣១ភាគរយ មានប្រភពមកពីអ្នកវិនិយោគក្នុងស្រុក ហើយចំណែកដែលនៅសេសសល់ គឺមានប្រភពមកពីប្រទេសសិង្ហបុរី អូស្ត្រាលី វៀតណាម កូរ៉េខាងត្បូង សេណេហ្គាល់ និងសហរដ្ឋអាមេរិក”។

យោងតាមរបាយការណ៍ពី CDC បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលខែមករាដល់ខែឧសភា ឆ្នាំនេះ ប្រទេសកម្ពុជាទទួលបានការវិនិយោគលើទ្រព្យសកម្មថេរ ក្នុងទំហំទឹកប្រាក់សរុបប្រហែល២,៧៤ពាន់លានដុល្លារអាមេរិក។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន រួមជាមួយនឹងច្បាប់ថ្មីរបស់កម្ពុជាស្តីពី ការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងទាំងពីរនេះគឺជាមេដែកស្រូបទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកពីប្រទេសចិន មានសារៈសំខាន់ណាស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”៕ប្រភព: Xinhua ៕