ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារកណ្តាលអឺរ៉ុប(ECB) បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ដូចការសន្យារបស់ខ្លួន ថ្វីបើទស្សនវិស័យអតិផរណាមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងយ៉ាងណាក្តី។
ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនពីកម្រិតខ្ពស់បំផុតក្នុងរង្វង់៤ភាគរយ មកនៅត្រឹម៣,៧៥ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសឱ្យដឹងជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីអត្រាអតិផរណានៅតំបន់អឺរ៉ុបបានធ្លាក់ចុះពី១០ភាគរយក្នុងឆ្នាំ២០២២ មកនៅត្រឹមជាង២ភាគរយ នាពេលថ្មីៗនេះ ស្របពេលដែលតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ ហើយខ្សែសង្វាក់ផ្គត់ផ្គង់បានវិលទៅរកប្រក្រតីភាពធម្មតា។
ទោះបីជាយ៉ាងណាក្តី លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានព្រមានថា “អតិផរណានឹងនៅតែមានកម្រិតលើសពីគោលដៅ២% របស់យើងរហូតដល់ឆ្នាំក្រោយ។ អត្រាអតិផរណាជាមធ្យមក្នុងឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងរង្វង់២,៥% និង២,២% ក្នុងឆ្នាំ២០២៥”។
ជុំវិញទស្សនៈវិស័យខាងផ្នែកសេដ្ឋកិច្ច លោកស្រី បានផ្តល់នូវការវាយតម្លៃថា “ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបមានតុល្យភាពក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ វានៅតែមានភាពលំអៀងទៅរកការធ្លាក់ចុះក្នុងរយៈពេលមធ្យម”។
លោកស្រីបានព្រមានទៀតថា “ភាពតានតឹងភូមិសាស្ត្រនយោបាយអាចជះឥទ្ធិពលមិនល្អមកលើកំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប ហើយវិបត្តិអាកាសធាតុ អាចជំរុញឱ្យតម្លៃស្បៀងអាហារហក់ឡើងថ្លៃ”។
ទោះជាយ៉ាងណាក្តី លោកស្រី Katherine Neiss ប្រធានសេដ្ឋវិទូអឺរ៉ុបនៅក្រុមហ៊ុនវិនិយោគ PGIM បានបង្ហាញទំនុកចិត្តថា “ធនាគារ ECB នឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅរដូវក្តៅ ឬរដូវស្លឹកឈើជ្រុះ ដែលនឹងនាំឱ្យអត្រាការប្រាក់នៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះមកនៅត្រឹមកម្រិត៣,៥% ឬអាចមានកម្រិតទាបជាងនេះទៀតនៅចុងឆ្នាំនេះ”៕ប្រភព: BBC៕