ដោយៈ ច្រាយ ចំណាន
សៀមរាបៈ លោក យុន លីនណា អភិបាលរងខេត្តបានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើម្បីចូលរួមអនុវត្តគម្រោងសាកល្បងក្នុងការជំរុញឱ្យប្រើប្រាស់ IoT ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់។
គម្រោងនេះធ្វើឡើងដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ហើយនេះជាជំហានដំបូង ក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តសៀមរាបមានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ហើយក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើម ទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារចៃកាបានចាប់ផ្ដើម គម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត) “ បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។
ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងកាកសំណល់ គឺ “គម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ” នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបដែលមានភ្ជាប់បច្ចេកវិទ្យាអ៊ីនធ័រណិតនៃវត្ថុ ( Internet of Thing ឬ IoT) ផងដែរ។
ក្នុងឆ្នាំ២០២៣ គម្រោងទីក្រុងឆ្លាតបានធ្វើការសិក្សាបឋមដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅនេះដែរ។ ការសិក្សាបឋមនេះមានបំណងពិនិត្យល្បឿនប្រមូល និងសកម្មភាពប្រមូល។ ការអង្កេតនោះធ្វើឲ្យយើងដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម។
មូលហេតុដោយសារពលរដ្ឋ ប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះពត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។
ដើម្បីដោះស្រាយបញ្ហានេះ គម្រោងសាកល្បងនេះបានប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា និងប្រើអ៊ែប សៀមរាបស្អាត និងឆ្លាតរួមបញ្ចូលផង។ ធ្វើបែបនេះពលរដ្ឋទទួលដំណឹង អំពីកាលវិភាគប្រមូលរាល់សប្ដាហ៍ ដើម្បីរៀបចំសំរាមទាន់ពេលវេលា។ ក្រុមហ៊ុនប្រមូលសំរាម ក៏ងាយគ្រប់គ្រងស្ថានភាពប្រមូលសំរាមផងដែរ គឺអាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ធ្វើឲ្យមានប្រសិទ្ធភាពជាងមុន។
ភាគីអនុវត្តសំខាន់ៗមានដូចជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត អង្គការ GIZ និង ក្រុមហ៊ុនហ្កាអ៊ីយ៉ា៕