មេ FASMEC ស្នើសុំការយកចិត្តទុកដាក់ពី CDC លើអាជីវកម្មរបស់វិស័យ SME នៅកម្ពុជា

ដោយៈ គង់ សួរិយា
ភ្នំពេញៈ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានស្នើសុំឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យកចិត្តទុកដាក់លើវិស័យSMEនៅកម្ពុជា។


លោកឧកញ៉ាតែ តាំងប៉បានថថ្លែងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។


កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូ ជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។


លើកឡើងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់គណៈប្រតិភូ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងាររបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទី ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងសម្របសម្រួល កិច្ចការងារវិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកឯកជន ជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។


ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលបានអនុញ្ញាតគោរពស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំ ជាទម្រង់នៃកិច្ចសហការណាមួយ រវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមផងដែរ។


បន្ថែមពីនេះ ឧកញ៉ា តែ តាំងប៉ បានគោរពស្នើសុំទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមការយកចិត្តទុកដាក់ ដល់វិស័យវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពីវិនិយោគិនដោយផ្ទាល់ពីបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ៕