ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់កិច្ចសន្យាដល់ក្រុមហ៊ុនបារាំង VINCI Construction Grands Projets ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននេះ ពង្រីករោងចក្រផលិត-ផ្គត់ផ្គង់ទឹកស្អាតនៅតំបន់បាក់ខែង ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ។
កិច្ចសន្យានេះ មានទំហំទឹកប្រាក់ចំនួន៩៤លានអឺរ៉ូ (ប្រហែល ១០២,០៣លានដុល្លារ) ដែលគ្របដណ្តប់ទៅលើការសាងសង់បំពង់បូមទឹកឆៅថ្មីពីទន្លេមេគង្គ និងខ្សែបណ្តាញថ្មីមួយ ដែលមានសមត្ថភាព ក្នុងការធ្វើប្រព្រឹត្តកម្មទឹកស្អាត ប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ការដ្ឋានសំណង់នេះ នឹងបង្កើតការងារបានចំនួន១.៦០០កន្លែង ខណៈកម្មករ និងអ្នកមើលការខុសភាគច្រើន នឹងត្រូវបានជ្រើសរើសជាជនជាតិខ្មែរ។ ទន្ទឹមនឹងនេះ ចំនួនស្ត្រីត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់៣០% នៃកម្លាំងពលកម្មសរុប។
ជាមួយគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ក្រុមហ៊ុន VINCI Construction Grands Projets គ្រោងនឹងប្រើប្រាស់បេតុង ដែលបញ្ចេញកាបូនតិចជាងសមមូល នៃមូលដ្ឋានស្តង់ដារប្រមាណ៣០% និងរៀបចំដំឡើងបន្ទះសូឡាប្រវែង៩.០០០ម៉ែត្រការ៉េ ដើម្បីអាចបំពេញតម្រូវការ ថាមពលរបស់រោងចក្រចំនួន១៥%នៃតម្រូវការសរុប។
លើសពីនេះ ក្រុមហ៊ុនគ្រោងដាក់ពង្រាយប្រព័ន្ធ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលហៅថា “Smart Users” ដែលបង្កើតឡើង ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ WMI ដើម្បីវាស់វែង និងគ្រប់គ្រងការប្រើប្រាស់ទឹក នៅនឹងកន្លែងធ្វើការ និងកន្លែងនានាផ្សេងទៀត រួមទាំងការិយាល័យ និងរោងចក្របេតុង។
ការពង្រីកគឺជាផ្នែកមួយ នៃកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឱ្យបានដល់ប្រជាជនទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០ ហើយនឹងផ្គត់ផ្គង់ដល់ប្រជាជន ចំនួន៧៥០.០០០នាក់ ដែលរស់នៅភាគខាងជើង នៃរាជធានីភ្នំពេញ នៅត្រឹមឆ្នាំ២០២៨ខាងមុខ។
គម្រោងនេះ នឹងអាចទាញបានអត្ថប្រយោជន៍ ពីក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន VINCI Construction Grands Projets នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបទពិសោធន៍ក្នុងការពង្រីកលទ្ធភាពប្រើប្រាស់ទឹក នៅក្នុងប្រទេសកម្ពុជា៕ប្រភព: Vinci៕