ដោយ: គង់ លាងហួរ
ហាណូយ: គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ប្រទេសវៀតណាម មានគម្រោងដែលកំពុងប្រតិបត្តិការស្រាប់ នៅក្រៅប្រទេសចំនួន១.៧៣៣គម្រោង និងដើមទុនវិនិយោគសរុបជាង២២,២៥ពាន់លានដុល្លារអាមេរិក។
ចំណែកភាគច្រើននៃគម្រោងវិនិយោគ ដែលកំពុងមានប្រតិបត្តិការស្រាប់ទាំង១.៧៣៣គម្រោងនេះ បានផ្តោតយ៉ាងខ្លាំងទៅលើវិស័យរ៉ែចំនួន៣១,៦ភាគរយ រួមទាំងវិស័យកសិ- រុក្ខាប្រមាញ់ និងនេសាទចំនួន១៥,៦ភាគរយ។
រីឯ បណ្តាប្រទេស ដែលទទួលបានការវិនិយោគច្រើនជាងគេពីគម្រោង ដែលកំពុងមានប្រតិបត្តិការស្រាប់ របស់វៀតណាមគឺ ប្រទេសឡាវចំនួន២៤,៨ភាគរយ កម្ពុជាចំនួន១៣,១ភាគរយ និងប្រទេសវ៉េណេស៊ុយអេឡាចំនួន៨,២ភាគរយ។
ប៉ុន្តែបើគិតពីគម្រោងថ្មីៗ សហគ្រាសវៀតណាម បានបោះទុនវិនិយោគសរុបជាង១៣៦លានដុល្លារអាមេរិក ទៅក្នុងគម្រោងថ្មីនៅបរទេស ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៤នេះ។ នេះបើយោងតាមសារពត៌មាន Vnexpress។
គិតចាប់ពីខែមករាដល់ខែឧសភា សហគ្រាសវៀតណាមបានធ្វើការវិនិយោគ នៅក្រៅប្រទេសក្នុងវិស័យចំនួន១៦ ដែលភាគច្រើនផ្តោតលើការរុករករ៉ែ ដែលមានចំណែកស្មើនឹង៤៣,១% នៃដើមទុនវិនិយោគសរុបទៅក្រៅប្រទេស។
ចំណែកឯការបោះទុន ទៅលើឧស្សាហកម្មផលិត និងកែច្នៃ មានចំណែកស្មើនឹង២៣,៩% នៃដើមទុនវិនិយោគសរុបទៅក្រៅប្រទេស ខណៈដែលការបោះទុនទៅលើការជួញដូរ និងការលក់រាយ មានចំណែកស្មើនឹង៨,៣% នៃដើមទុនវិនិយោគសរុប ទៅក្រៅប្រទេស។
ជាមួយគ្នានេះ បណ្តាប្រទេស និងដែនដីចំនួន១៦ បានទទួលទុនវិនិយោគរបស់ក្រុមហ៊ុន សហគ្រាសវៀតណាម ក្នុងអំឡុងរយៈពេល៥ខែមកនេះ។
ក្នុងចំណោមនោះ ប្រទេសហូឡង់នាំមុខគេ ដែលទទួលបានចំណែកនៃការវិនិយោគ ពីក្រុមហ៊ុនវៀតណាមចំនួន៤០,១%។ ប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ២ ដោយកាន់កាប់ចំនួន៣៦,៨% តាមពីក្រោយដោយសហរដ្ឋអាមេរិក និងនូវែលសេឡង់៕ប្រភព: Vnexpress៕