អភិបាលក្រុងស្នើឲ្យ ចិនវិនិយោគលើវិស័យសំខាន់ចំនួន៣ នៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងមួយ កំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលទៀមទារឱ្យមានអ្នកវិនិយោគបន្ថែមទៀត។

លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍ ដែលទៀមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគ នៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។

រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភណ្ឌ និងទេសចរណ៍ជាដើម។

លោក ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ លោកបានស្នើសូមឱ្យ លោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឱ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុន នៅខេត្តក្វាងទុង មកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕