សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ឋឧស្សាហកម្មចិន ជម្រុញពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណង ចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។

អ្នកឧកញ៉ា គិត ម៉េងបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីចិន ហើយជំនួបពិភាក្សានាពេលនេះ នឹងជួយពង្រឹងទំនាក់ទំនងល្អប្រសើរ ថែមមួយកម្រិតទៀត ជាពិសេស ការចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ភាគីទាំងពីរបានផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ាប្រធាន បានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។ កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ានមានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។

លោក ស៊ូ ហ្ស៊ីស៊ិបានថ្លែងថា ចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេបំផុតមួយរបស់កម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន។ លោកប្រធាន បានបង្ហាញនូវសេចក្តីរីករាយ ក្នុងការសហការ និងចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកប្រធានបានជម្រាបជូន អំពីការចូលរួមរបស់សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មសៀងហៃ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានសមាជិកជាង១០ ម៉ឺនក្រុមហ៊ុន។ គណៈប្រតិភូសៀងហៃដែលមកបំពេញធុរកិច្ច នៅកម្ពុជានាពេលនេះ រួមមានក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក ក្រុមហ៊ុនផលិតសម្ភារៈវេចខ្ចប់ ក្រុមហ៊ុនផលិតផលអាហារសម្រន់ និងក្រុមហ៊ុនគ្របគ្រងអចលនទ្រព្យ តំបន់ឧស្សាហកម្ម និងសេវាកម្មវិនិយោគ៕