ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូន គណៈប្រតិភូចិនអំពីកំណើនសេដ្ឋកិច្ច កាលនុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។
អ្នកឧកញ៉ាបានបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រ ជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន មានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ”។
អ្នកឧកញ៉ា គិត ម៉េងបានមានប្រសាសន៍បែបនេះ ក្នុងពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។
ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងកម្ពុជា។
អ្នកឧកញ៉ាគិត ម៉េង បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន៦។
កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌត្បូងពេជ្រ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕