“ផ្កាអ័រគីដេនៃអង្គរវត្ត”ជាប្រធានបទនៃពិព័ណដ៏ធំនៅសឹង្ហបុរីដែលបង្ហាញពីអរិយធ៌មអង្គរ

ដោយៈ គង់ សូរិយា
សឹង្ហបុរីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលីបានរៀបចំពិព័ណដ៏ទាក់ទាញមួយ នៅឧទ្យាន Gardens By The Bay នៅប្រទេសសឹង្ហបុរី។

Gardens by the Bay ជាឧទ្យានដ៏ល្បីល្បាញក្នុងប្រទេសសិង្ហបុរី បានក្លាយជាទីតាំងពិព័រណ៍រស់រវើកនៃបេតិកភណ្ឌ និងសាកវប្បកម្មកម្ពុជា ក្រោមប្រធានបទ “ផ្កាអ័រគីដេនៃអង្គរវត្ត”។

ភាពទាក់ទាញបំផុតនៃពិព័រណ៍នេះ ប្រាង្គប្រាសាទអង្គរវត្តចម្លងកម្ពស់៣,៥ ម៉ែត្រ ដែលហ៊ុំព័ទ្ធដោយដើមត្នោត ជាដើមឈើតំណាងជាតិកម្ពុជា និងផ្កាផ្កាកេសរកូល ឬអ័រគីដេចម្រុះពណ៌ជាច្រើន។
ភ្ញៀវទេសចរក៏អាចទស្សនា ទិដ្ឋភាពខ្លោងទ្វារចូលប្រាសាទអង្គរធំ ដែលមានទេវតា(ព្រះ) បើកផ្លូវដើរ ខណៈរូបចម្លាក់ចម្លងតំណាងឱ្យស្ថាបត្យកម្ម និងវប្បធម៌ខ្មែរបុរាណ ហ៊ុំព័ទ្ធដោយផ្កាកេសរកូលពណ៌ស និងលម្អងពណ៌ លឿង និងពណ៌ទឹកក្រូច បង្កើតភាពចម្រុះ ខុសពីផ្កាកេសរកូលប្រពៃណីពណ៌ស្វាយ។

ទស្សនីយភាពវប្បធម៌ជួបធម្មជាតិ ដ៏គួរឱ្យចាប់អារម្មណ៍នេះបានបើកនៅថ្ងៃទី១៧ ខែឧសភា ដែលជាកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និង Gardens by the Bay គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និង ក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី ក៏ដូចជា ក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។

យោងតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដកស្រង់សម្ដីលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី បានថ្លែងថា “ព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេស កម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ”។

លោកបានឱ្យដឹងថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត Gardens by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែង ដែលមានអ្នកទស្សនាច្រើនបំផុត នៅអាស៊ីអាគ្នេយ៍ ដោយប្រាសាទអង្គរវត្តជាប់លេខ១ ហើយGardens by the Bay ជាប់លេខ២។

លោកសុខ ខឿន បានថ្លែងថា ការតាំងពិព័រណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរនៅ Gardens by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀត នឹងមកទស្សនាប្រាសាទអង្គរវត្តពិត របស់កម្ពុជា។

ពិព័រណ៍នេះបើកពីថ្ងៃទី ១៧ ឧសភា រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ បង្ហាញពីសួនផ្កាកេសរកូលកម្ពុជាជាង៥០ប្រភេទ រួមទាំងផ្កាអ័រគីដេកម្រ និងVandachostylis។
ផ្កា Dendrobium Adastra ស្រដៀងនឹង “ទឹកធ្លាក់ផ្កា” គឺជាចំណុចលេចធ្លោមួយទៀត ដែលបង្ហាញពីជីវចម្រុះដ៏សម្បូរបែបនៃប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន Gardens by the Bay លោក Felix Loh ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានថា ប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញមួយ ក្នុងចំណោមតំបន់ទេសចរណ៍ ដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ី ហើយយើងមានកិត្តិយស ដែលបានចាប់ដៃគូជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសសិង្ហបុរី ដើម្បីបង្កើតឡើងវិញនូវទីតាំងដ៏អស្ចារ្យនេះនៅ Gardens by the Bay។ ទន្ទឹមនឹងនោះ យើងក៏បានណែនាំភ្ញៀវទេសចរ ឱ្យស្គាល់មរតកផ្កាកេសរកូលដ៏សម្បូរបែបរបស់កម្ពុជា៕