វិភាគៈ ដំណើរទស្សនកិច្ចពោរពេញដោយថាមវ័ន្ត ផលប្រយោជន៍ និងភាពជាដៃគូយុទ្ធសាស្រ្ត

ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា


សេអ៊ូលៈ ជាមួយស្នាមញញឹមជាប់ជាប្រចាំ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃកម្ពុជាបានបង្ហាញនូវថាមវ័ន្ត ក្នុងនាមជាមេដឹកនាំវ័យក្មេង និងប្រកបដោយទេពកោសល្យម្នាក់ ក្នុងចំណោមមេដឹកនាំតំបន់។

អ្នកពូនជ្រុំ

ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានចាប់ផ្តើមនៅឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងដោយរបបកម្ពុជា ប្រជាធិបតេយ្យហើយទំនាក់ទំនងកាទូតនេះ បានផ្សារភ្ជាប់ឡើងវិញ ដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅឆ្នាំ១៩៩៧ បន្ទាប់មកទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើអ្វីលើសពីមិត្ត និងបានក្លាយជាដៃគូយុទ្ឋសាស្រ្តមួយ សម្រាប់ប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នាកាលពីឆ្នាំមុន។


ការភ្ជាប់ទំនាក់ទំនងនេះ ក៏ឈានដល់ការចុះឯកសារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួ យរដ្ឋាភិបាល នៃប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។


ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្រោយមកក្រោមទំនាក់ទំនងការទូត នៃប្រទេសទាំងពីរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ១៩៩៨។


ចំណែកឯរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១។


ការប្រែក្លាយពីទំនាក់ទំនងការទូត ទៅជាចំណងការទូតក្រោយការបង្កើតឱ្យមានស្ថានទូត ប្រចាំនៅប្រទេសទាំងពីរនេះ បានជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកាន់តែមាន លក្ខណៈស៊ីជម្រៅ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងសមាជិកសំខាន់ៗនៃរដ្ឋបាល ទាំងពីរ បានធ្វើការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក។


ទន្ទឹមនោះ ផងដែរ នៅឆ្នាំ២០០០ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចាត់តាំងលោក Lee Myung- Bak ឱ្យធ្វើជាទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៨។


ការធ្វើជាទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក Ly Myung-Bak នេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនកាន់តែស៊ីជម្រៅ និងរីកធំធាត់។ ចំណងទំនាក់ទំនងនេះ កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងបានជះពន្លឺដ៏ត្រចះត្រចង់សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេរភាគី រហូតមកដល់បច្ចុប្បន្ន គឺនៅពេលដែលលោក Ly Myung-Bak បានក្លាយទៅជាប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០០៨។


ប្រការនេះបានបង្កឱ្យមានទំនាក់ ទំនងកាន់តែល្អ និងបានប្រែក្លាយប្រទេសទាំងពីរ ឱ្យទៅជាដៃគូពិភាក្សាជិតស្និទ្ធ ទាំងកិច្ចសហប្រតិ- បត្តិការលើផ្នែកសង្គម ផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច ដែលត្រូវបានមើលឃើញ ជាលក្ខណៈទ្វេរភាគី និងជាលក្ខណៈកញ្ចប់ ដែលស្ថិតនៅក្រោមក្របខណ្ឌ ASEAN ដូចជាក្នុងកិច្ចប្រជុំអាស៊ាន បូកបី (ASEAN + 3) កិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ASEAN Regional Forum) កិច្ចប្រជុំអាស៊ាន-កូរ៉េ ។ល។

វត្តមានក្រុមហ៊ុនកូរ៉េនៅកម្ពុជា

ជាមួយនឹងទំនាក់ទំនងកាទូតកាន់តែប្រសើរ ត្រូវបានពង្រឹង និងពង្រីកជាប់ជាប្រចាំ ក្រុមហ៊ុនកូរ៉េកាន់តែច្រើនបានសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា។


យោងតាមទិន្នន័យពីអគ្គនាយកពន្ធដាបានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េ ដែលបាននិងកំពុងបោះទុនវិនយោគ នៅកម្ពុជាបានកើនឡើងដល់ជាង១៦០០ក្រុមហ៊ុន ជាមួយទំហំទុនវិនិយោគជាង៥០០០លានដុល្លារអាមេរិក។


បច្ចុប្បន្នក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគលើគំរោងធំៗ ជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគ សាងសង់អាគារ Gold Tower 42, Booyoung Town, De Castle Condo, CAMKO CITY និងគំរោងជាច្រើនទៀត ហើយកាលពីមួយទសវត្សរ៍មុន កូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគ លើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

តារះថ្មីលើទំនាក់ទំនងចាស់

ជាតារាមួយដួង ក្នុងបរិបទនយោបាយកម្ពុជា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ក្នុងរយៈពេលវែងមួយ ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៨ ឧសភា។

ដំណើរទស្សនកិច្ចរយៈពេលវែងជាប្រវត្តិសាស្រ្តនេះ ត្រូវបានគេមើលឃើញក្នុងទិដ្ឋភាពសំខាន់ៗចំនួន៥ ដូចជា ទី១ ពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាក់ស្តែងមេដឹកនាំទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង មកជា “ភាពជាដៃគូយុទ្ឋសាស្រ្ត” ទី២ ការបង្កើននូវឧត្តមភាពសេដ្ឋកិច្ច តាមរយៈការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ ទី៣ ការជម្រុញបង្កើនចំនួនពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េកាន់តែច្រើន ដែលពួកគេនឹងនាំចំណូលរាប់ពាន់លានដុល្លារមកក្នុងសេដ្ឋកិច្ចរបស់ប្រទេស។

ទី៤ យុទ្ឋសាស្រ្តគោះទ្វារវិនិយោគិន ត្រូវបានផ្សារភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ដែលជាក់ស្តែងមេដឹកនាំក្រុមហ៊ុនកូរ៉េធំៗប្រមាណ ៣០ ត្រូវបានអនុញ្ញាត្តឲ្យចូលជួបសម្តេចធិបតីហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា និងទី៥ ការបង្ហាញពីកាលានុវត្តន៍ភាព និងបើកបង្ហាញជាចំហពីបរិយាកាសអំណោយផល នៃការវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ចកម្ពុជា កូរ៉េ។


ក្នុងជំនួបជាមួយលោកYoon Suk Yeol ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតទៅកាន់សាធារណៈរដ្ឋកូរ៉េ ប្រធានាធិបតីកូរ៉េ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។


ប្រធានាធិបតីកូរ៉េបានបញ្ជាក់ប្រាប់សម្តេចធិបតីថា “ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ- ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និងរ៉ឹងមាំបន្ថែមទៀត”។


ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។


គំនិតផ្តួចផ្តើមថ្មី
ក្នុងចេតនា និងសុទិដ្ឋិនិយម លើទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលកំពុងឆ្ពោះទៅកាន់វិបុលភាព ថ្នាក់ដឹកនាំទាំងពីរ ក៏បានរំលេចឡើងអំពីគំនិតផ្តួចផ្តើមចំនួនពីរ រួមមាន(១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ច អំណោយផលដោយឡែកសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដូចនៅក្នុងប្រទេសកូរ៉េ។


ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំ ជំរុញពាណិជ្ជកម្មនិងវិនិយោគ ឱ្យកាន់តែល្អប្រសើរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។


ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែក នៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម។


ទំហំទុនវិនិយោគរបស់កូរ៉េនៅកម្ពុជា
ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុនកូរ៉េបានឈរចំណាត់ថ្នាក់ទី១ ស្ទើរមួយទសវត្សរ៍ ដោយក្រុមហ៊ុនកូរ៉េដំបូងគេបានសាងសង់ខុនដូនៅទីក្រុងភ្នំពេញ The De Castle នៅក្នុងខ័ណ្ឌទួលគោក ក្រុមហ៊ុនKAMCO City ជាក្រុមហ៊ុនដំបូង ដែលបានប្រកាសសាងសង់ “ទីក្រុងរណប”ដំបូងគេនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនYUNWOO បានប្រកាសសាងសង់អាគារពាណិជ្ជកម្មខ្ពស់ជាងគេ និងដំបូងគេនៅរាជធានីភ្នំពេញ គឺGold Tower42 ប៉ុន្តែគួរឲ្យសោកស្តាយគំរោងនេះ បានជាប់គាំងរហូតមកទល់ពេលនេះ។


បើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានគម្រោងវិនិយោគ ពីប្រទេសកូរ៉េចំនួន២១៩គម្រោង គិតជាទឹកប្រាក់វិនិយៅកមានចំនួនសរុបជាង៥ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំនួននេះបានកើនឡើងកាន់តែច្រើន គិតរហូតមកដល់ឆ្នាំ២០២៤នេះ ដោយវត្តមានក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េធំៗជាច្រើន បានបង្ហាញវត្តិមាននៅកម្ពុជា ដូចជា KB Bank, Woori Bank, Shinhan Bank, PPCB Bank ជាដើម។


ការពង្រឹង និងពង្រីកទំនាក់ទំនង ដំឡើងកម្រិតទំនាក់ទំនងមកជា “ភាពជាដៃគូយុទ្ឋសាស្រ្ត” ជាផ្លែផ្កានៃទំនាក់ទំនងកាទូតដែលបានក្រាលព្រំមាសដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តកសាងពូនជ្រុំដោយសម្តេចមហាបវរធិបតី ដែលជាថ្នាក់ដឹកនាំកម្ពុជា ក្នុងយុគសម័យថ្មី ជាមួយទស្សនទានថ្មី ក្នុងការនាំនាវាកម្ពុជាលយលឿនទៅមុខបន្ថែមទៀត៕