ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសជប៉ុន បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ ខណៈចំនួនភ្ញៀវទេសចរណ៍បរទេស ចូលមកកាន់ប្រទេសនេះ បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងខែមីនា ដែលជំរុញដោយការដាំក្បាលចុះនៃប្រាក់យ៉េន។
តួយ៉ាង កាលពីខែមេសា ប្រាក់យ៉េនរបស់ជប៉ុនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក្នុងស្រុកមិនបានហក់ឡើងថ្លៃនោះទេ។
ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរ បានបង្កើនការចំណាយរបស់ភ្ញៀវទេសចរណ៍ ដល់កំណត់ត្រាប្រចាំត្រីមាស នៅឆ្នាំនេះ និងកំពុងជួយឱ្យរដ្ឋាភិបាលជប៉ុន កាន់តែខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញការចំណាយ ពីភ្ញៀវទេសចរណ៍ប្រចាំឆ្នាំចំនួន១៥ទ្រីលានយ៉េន (ប្រមាណ៩៦ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ខាងមុខ។
ចំពោះក្រុមហ៊ុនអាកាសចរណ៍ តម្រូវការដឹកទំនិញអន្តរជាតិ និងជើងហោះហើរ កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ ដោយសារតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលការណ៍នេះ បានជួយបង្កើនប្រាក់ចំណេញបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលលក់សំបុត្រគិតជារូបិយប័ណ្ណបរទេស។
ក្រុមហ៊ុន Japan Airlines រំពឹងថា ការលក់របស់ខ្លួននឹងកើនឡើង១៧ភាគរយ ហើយប្រាក់ចំណេញសុទ្ធរបស់ខ្លួន នឹងកើនឡើង៥ភាគរយ ដល់ទំហំទឹកប្រាក់១០០ពាន់លានយ៉េន សម្រាប់ឆ្នាំសារពន្ធ២០២៤ ដែលរាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុននេះ មិនបានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់នោះទេ។
ហេតុផលមួយផ្នែក ដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមិនហក់ឡើងថ្លៃ គឺដោយសារតែការដាំក្បាលចុះនៃប្រាក់យ៉េន។
ការដាំក្បាលចុះនៃប្រាក់យ៉េន ប្រៀបដូចជាដាវមុខ២ ដែលមុខដាវម្ខាងអាចទាក់ទាញឱ្យជនបរទេស សម្រុកមកលេងប្រទេសជប៉ុន។ ប៉ុន្តែមុខដាវម្ខាងទៀត គឺធ្វើឱ្យតម្លៃប្រេងនាំចូល ដែលត្រូវបង់ជាប្រាក់ដុល្លារ បានហក់ឡើងថ្លៃ។ ប៉ុន្តែបញ្ហាធំជាងនេះ គឺការថយចុះនៃការធ្វើដំណើររបស់ជនជាតិជប៉ុនទៅក្រៅប្រទេស។
ជាក់ស្តែង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ទោះបីជាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទៅកាន់ប្រទេសជប៉ុនមានការកើនឡើងខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែចំនួនអ្នកដំណើរជប៉ុន ដែលចេញទៅដើរលេងកំសាន្តនៅបរទេស បានធ្លាក់ចុះជិត៤០ភាគរយបើធៀបនឹងកម្រិតមុនជំងឺរាតត្បាត ដែលការណ៍នេះជះផលប៉ះពាល់លើលទ្ធភាពរកប្រាក់ចំណេញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននានា។
ដូច្នេះ ការស្ទុះងើបឡើងវិញពេញលេញ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ និងតម្លៃភាគហ៊ុន នឹងត្រូវពឹងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ដូចជា៖ កំណើនប្រាក់ឈ្នួលលើសពីអតិផរណា ការស្ទុះងើបឡើងវិញនៃការចំណាយក្នុងគ្រួសារ និងស្ថិរភាពនៃប្រាក់យ៉េន៕
ប្រភព: Financial Times / ផ្ដល់សិទ្ធិដោយ: Property Area