ក្រសួងកសិកម្មចុះ MOU ជាមួយស្ថាប័នចំនួន២ ដើម្បីលើកកំពស់វិស័យនេះ និងជម្រុញការនាំចេញ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU) ជាមួយ​នឹង​ក្រុមហ៊ុន​បៃតង​កម្ពុជា (CG) និង​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ក្នុង​ន័យ​ដើម្បី​រួមគ្នា​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា និង​បង្កើន​សក្តានុពល ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

នៅ​ក្នុង​ពិធី​ចុះ MoU នេះ កាលពីព្រឹកថ្ងៃទី៣០ តុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា​​ទ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ដៃគូ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ទាំង​អស់ ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន ព្រម​ទាំង​បាន​អនុវត្ត​កិច្ចការ​អភិរក្ស ​ធនធាន​ធម្មជាតិ ប្រកប​ដោយ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា “ការចុះ MoU ជាមួយ​ក្រុមហ៊ុន​បៃតង​កម្ពុជា គឺ​ជាការងារ​ដ៏​សំខាន់ ​ក្នុង​ការ​ជួយ​រក្សា​ស្ថេរភាព​ថ្លៃ​​ស្រូវ​អង្ករ​នា​ប៉ែក​ពាយ័ព្យ ដែល​ជា​បរិបទ​ថ្មី​ជួយ​កាត់​បន្ថយ ​ការ​ចំណាយ ដើម្បីបង្កើន​ផល​ចំណេញ ទាំង​កសិករ និង​អ្នក​ប្រើប្រាស់”។

ទន្ទឹម​នឹង​នេះ​លោករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​សហគមន៍​កសិកម្ម​ទំនើប ដែល​ប្រើប្រាស់​ពូជ និង​បច្ចេកទេស​ច្បាស់​លា​ស់ មាន​ទុន​ក្នុង​ការ​វិនិយោគ មាន​ទីផ្សារ​ពិតប្រាកដ និង​ជំរុញ​ពូជ​សែនក្រអូប ដែល​ជា​ពូជ​ស្រូវ​កម្ពុជា ​ឱ្យ​កាន់​តែ​មាន​សក្តានុពល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ក្នុង​ការងារ​នេះ​លោក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា “ក្រសួង​កសិកម្ម​ត្រូវ​ការ​ដៃគូ ដែល​មាន​គោលដៅ​រួម​ច្បាស់​លាស់ មាន​បច្ចេកទេស​ពិត​ប្រាកដ និង​មាន​ឆន្ទៈ​រួមគ្នា ដើម្បី​សម្រេច​នូវ​លទ្ធផល​ល្អ”។

អ្នកឧកញ៉ាលឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា វិស័យ​កសិកម្ម​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ដោយ​បរិមាណ​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ បាន​បន្តកើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​ កំណើន​នៃ​ការ​នាំចេញ​នេះ គឺ​កើន​ចេញ​ពី​ការ​បណ្តាក់​ទុន​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម ​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​។

លោក​បន្ត​ថា “ក្រៅ​ពី​នេះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ​ក៏​មាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ និងការ​ជ្រើសរើស​ពូជ និង​ការ​ថែទាំបាន​ល្អ​ជាង​មុន​ផង​ដែរ”៕