ទំហំទឹកប្រាក់វិនិយោគតាមរយៈបរធនបាលកិច្ចកើនដល់ ១៦៥២លានដុល្លារ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ ​បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន១,០៣០ករណី​ ​មានទំហំបរធនប្រមាណ ១,៦៥២ លានដុល្លារសហរដ្ឋអាមេរិក។

ទំហំទឹកប្រាក់នេះ បានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយនៅកម្ពុជា។

ថ្លែងនៅក្នុងវេទិកា​បរធនបាលកិច្ច ឆ្នាំ២០២៤ ​ក្រោមប្រធានបទបរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”​ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (​ន.ប.ធ) បានបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល៣ឆ្នាំជាងនេះ ​​បន្ទាប់ពីបង្កើតនិយ័តករបរធនបាលកិច្ច សម្រេចបាននូវសមិទ្ធផលជាច្រើន​។

លោកបានឱ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤នេះ ​បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ ចំនួន១,០៣០ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា១,៦៥២ លានដុល្លារ សហរដ្ឋអាមេរិក​។

លោកបន្តថា គិតមកទល់ពេលនេះ និយ័តកមូលធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនបរធនបាលចំនួន១៣​ ​ខណៈធនាគារចំនួន២១ បានទទួលអាជ្ញាបណ្ណ ​និងការអនុញ្ញាតពី ន.ប.ធ. ជាប្រតិបត្តិករ បរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services)។ ជាមួយគ្នានេះ បរធនបាលរូបវន្តបុគ្គលចំនួន៦៨រូប បានទទួលអាជ្ញាបណ្ណពី ន.ប.ធ. ដោយ៣៥រូប ជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ និង៣៣រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល។

លើសពីនេះទៅទៀត ក្រុមហ៊ុនវាយតម្លៃចំនួន១៦ទទួលបានការទទួលស្គាល់ពីន.ប.ធ. ឱ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥ ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ឱ្យផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលកិច្ច សំដៅដល់កិច្ចការគ្រប់គ្រង និងចាត់ចែងបរធន ដែលផ្ដល់ដោយបរធនបាលទាយក (បុគ្គលដែលផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច) សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ (បុគ្គលដែលទទួលផលប្រយោ​ជន៍ ពីបរធនបាលកិច្ច) ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោករស់ សីលវ៉ា និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានប្រសាសន៍ថា ការលើកស្ទួយ និងការអភិវឌ្ឍវិស័យបរធនបាលកិច្ច ជាអទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល​។

លោកបន្តថា “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្រ្ត ដើម្បីឱ្យវិស័យនេះបន្តពង្រឹងតួនាទី និងមានការអភិវឌ្ឍន៍ដែលមានលក្ខណៈទំនើប និងមានភាពធន់កាន់តែខ្ពស់ នៅក្នុងការបន្តបង្កើតនូវគុណប្រយោជន៍សម្រាប់ប្រទេសជាតិ និងសង្គម”។

ការងារសំខាន់ៗទាំងនោះមានដូចជា ទី១ បង្កើនការវិនិ​យោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំនួនពន្ធជាតិ ទី២.ជំរុញការធ្វើពិពិធកម្ម ដល់វិស័យហិរញ្ញវត្ថុឆ្លើយតប នឹងតម្រូវការទីផ្សារ ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងទី៣.ចូលរួមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការទប់ស្កាត់ និងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវកម្ម និងការរីកសាយភាយហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ៕