កម្ពុជាពង្រីកការផ្សព្វផ្សាយពីសិល្បៈក្បាច់គុនល្បុកតោទៅកាន់ប្រទេសចិន

ដោយៈ គង់ ម៉ាលីនណា

ប្រទេសចិនៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការផ្សព្វផ្សាយក្បាច់គុនល្បុកតោ ទៅកាន់ប្រទេសចិន និងអន្យតរជាតិ ដើម្បីបង្ហាញពីមុខមាត់កម្ពុជាលើឆាកអន្តរជាតិផង និងទាក់ទាញភ្ញៀវទេសចរណ៍ផង។

ជាក់ស្តែងនៅប្រទេសចិន កាលពីចុងសប្តាហ៍មុន មានមនុស្សយ៉ាងហោចណាស់៣ម៉ឺននាក់ បានទស្សនាផ្ទាល់ការសម្ដែងរួមគ្នា នៃក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសៅលីញរបស់ចិន នៅខេត្តហឺណាន ប្រទេសចិន ក្នុងពិធីបុណ្យក្បាច់គុនសៅលីញ វូស៊ូ អន្តរជាតិលើកទី១៣ កាលពីចុងសប្តាហ៍មុន។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងនៅមុខព្រះវិហារសៅលីញ ក្នុងតំបន់ Dengfeng ដែលជាទីចាប់កំណើតនៃក្បាច់គុណ កុងហ្វូ របស់ចិន។រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ប្រកបដោយមោទកភាពក្រៃលែង និងមិនធ្លាប់មានពីមុនមកដែលមានការសម្ដែងក្បាច់គុនពីប្រទេសផ្សេង ធ្វើនៅមុខក្លោងទ្វារព្រះវិហារសៅលីញ”។

ការសម្ដែងគុនល្បុក្កតោ នៅវិហារសៅលីញ នេះគឺជាប្ដូរការសម្ដែងនៃព្រឹត្តិការណ៍ “នៅពេលសៅលីញ ជួបល្បុក្កតោ” ដែលធ្វើឡើងលើកទី១ នៅខេត្តសៀមរាប កាលពីខែមេសា កន្លងទៅ ហើយលើកទី២នេះ នៅខេត្តហឺណាន ប្រទេសចិន។ វាជាផ្នែកមួយនៃឆ្នាំ នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤។ កីឡាករនិងកីឡាការិនីល្បុក្កតោកម្ពុជា ១២រូប បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្រសួងទេសចរណ៍បានឲ្យដឹងថា ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ នេះមានការចូលរួមពីប្រទេសចំនួន៥៦ និងមានកីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១២០០នាក់បានចូលរួម។ បន្ថែមពីលើនេះ ពិធីនេះក៏មានការចូលរួមរបស់សិស្ស គ្រូ សម្ដែងក្បាច់គុន មានចំនួនប្រមាណ៣ ម៉ឺននាក់ផងដែរ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលលោកត្រឡប់មកដល់កម្ពុជាវិញកាលពីថ្ងៃទី២០ ខែតុលាថា ព្រឹត្តិការណ៍នេះមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយសារតែទង់ជាតិកម្ពុជាត្រូវបានបង្ហាញ និងដោតនៅលើឆាក នៅមុខអ្នកចូលរួមរាប់ម៉ឺននាក់។

លោកបញ្ជាក់ថា “ការណ៍នេះក៏បង្ហាញថា កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និងស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើឆាកអន្តរជាតិផងដែរ”។ លោកហួត ហាក់បានបន្តថា ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរ ដែលមានតាំងពីសម័យបុរេប្រវត្តិ។ ស្នៀតខ្លះនៃក្បាច់គុននេះ ត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទនានា ដូចជានៅប្រាសាទអង្គរវត្ត បាយ័ន បន្ទាយស្រី ប្រាសាទបាពួន ប្រាសាទសំបូរព្រៃគុកជាដើម។ ក្បាច់គុននេះ មានភាពចំណាស់ជាងក្បាច់គុនសៅលីញ ដែលមានអាយុប្រមាណ១៥០០ឆ្នាំ។

លោកបានឲ្យដឹងទៀតថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅចូលរួមពិធីនេះ លោកបានបង្ហាញពីសក្ដានុពលរបស់កម្ពុជា លើលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងពេលលោកជួបជាមួយក្រុមហ៊ុនចិន ដែលរកស៊ីក្នុងវិស័យពាក់ព័ន្ធនឹងទេសចរណ៍ចំនួន២២។ ក្រុមហ៊ុនទាំងនោះបង្ហាញពីចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា៕